ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុករំដួល

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលាស្រុករំដួលមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី រាជ ស៊ាន ជាអភិបាលរង នៃគណៈអភិបាលស្រុករំដួល ក្រោមអធិបតីភាព​លោក​ រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយករងទីចាក់ការធនធានមនុស្សសាលាខេត្ត​ លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំក្នុងស្រុករំដួល​ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ផ្តាំផ្ញេីដល់គណៈអភិបាលស្រុកដែលទេីបចូលកាន់មុខតំណែងថ្មី​ និងជួរគណៈអភិបាលស្រុកទាំងអស់ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អ​ ពិសេសត្រូវមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។​ ទន្ទឹមនេះ​ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។​

លោកអភិបាលរងបានបន្ថែម​ទៀតថា​ អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមបង្កើនកិច្ចសហការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។ទន្ទឹមនេះរដ្ឋបាលត្រូវបន្តពង្រឹង​យន្តការច្រកចេញចូលតែមួយឱ្យបានល្អ​ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា។

Leave a Reply

Your email address will not be published. Required fields are marked *