ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ១ នាក់ និងរបួស ៣ នាក់។
សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកថា ទង្វើនេះគឺ ផ្ទុយទៅនឹងស្មារតីមនុស្សធម៌ និងការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ខណៈដែលភាគីទាំងពីរត្រូវ រក្សាស្ថានភាពដើមដដែល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែន។ អំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ លើករណីនេះ ដោយមានការចូលរួមពី ភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។និងបាន បញ្ជាឱ្យអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ ក្នុងការ ការពារសុវត្ថិភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋឱ្យបានដាច់ខាត។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជានៅតែរក្សាជំហរក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
