ពិធីគោរពវិញ្ញាណខន្ធសពវីរកងទ័ព​លោកអនុសេនីយ៍ត្រី​ទូច ភិរ័ក្ស​ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីនៅសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានសៀម

ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋភិបាលកម្ពុជា​ នៅថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្តស្វារៀង បានអញ្ជេីញដឹកនាំប្រតិភូខេត្តគោរពវិញ្ញាណខន្ធសពលោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅសមភូមិមុខ​ ជាមួយសត្រូវសៀម​ ឈ្លានពា​នទឹកដី​នៅសមរភូមិ ជាំតែ បុស្សស្បូវ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងជន្មាយុ ៣៥ឆ្នាំ​ ពិធីបុណ្យបានប្រារព្ធធ្វេីនៅគេហដ្ឋាន​ ស្ថិតក្នុងភូមិពោធិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ពិធីនេះក៏មានវត្តមានអញ្ជេីញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ តំណាងសម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងព្រមទាំងប្រតិភូថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិនានាជាច្រេីនរូបទៀត។

ក្នុងភាពសោកស្តាយស្រណោះអាល័យ​ នៃមរណភាពរបស់លោកអនុសេនីយ៍ត្រី គឺជាការបាត់បង់នូវឧត្តមស្វាមី និងឪពុក​ ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត​ ក្នុងមួយជីវិតរបស់លោក បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ព្រមទាំងក្រុមគ្រួសារប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់នូវវីរៈយុទ្ធជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។​ ទន្ទឹមនេះ លោកក៏បានចូលរួមប្រយុទ្ធយ៉ាង អង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពាន​ និងបានបង្ហាញគំរូវីរភាព និងការលះបង់របស់វីរៈកងទ័ពយេីងទាំងអស់នៅលេីសមរភូមិប្រយុទ្ធ​ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះមិនអាចបំភ្លេចបានឡេីយ។

ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមប្រជាជាតិខ្មែរ​ នឹងចងចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុងឧត្តមរបស់លោកអនុសេនីយ៍​ត្រី​ ទូច ភិរ័ក្ស​ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *