សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។

‎សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងតាមជួយប្រោសព្រំពរជ័យដល់វីរៈកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើង ការពារទឹកដីពី ខ្មាំងសត្រូវ ពិសេសក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស កសាងប្រាសាទ វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរណភាពទឹកដីកម្ពុជា និងសូមមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋខ្មែរគ្រប់រូប។

‎បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញទស្សនាគំនូរ «សិល្បៈដើម្បីសន្តិភាព-Art for Peace» ដែលគូរដោយ វិចិត្រករ​ជាង​៥០​នាក់​មកពី​ខេត្ត​ផ្សេង​ៗគ្នា​នៃ​ប្រទេស​កម្ពុជា បាន​រួម​គ្នា​រចនា​គំនូរ​ខ្នាត​យក្ស​មួយ​ផ្ទាំង​ចំ​កណ្តាល​ក្រុង​សៀមរាប មាន​ប្រវែង​៣០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ។ គំនូរ​នេះ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​ខ្មែរ​រង​គ្រោះ​ដោយសារ​សង្គ្រាម បង្ហាញ​ពី​ការ​បាត់បង់​សមាជិក​ក្រុម​គ្រួសារ ភៀសខ្លួន ធ្វើ​ឱ្យ​ក្មេង​ៗ មិន​បាន​រៀន​សូត្រ។ ក្រៅពី​នេះ​មន្ទីរពេទ្យ​,​ វត្ត​អារាម​,​ សាលារៀន​មួយ​ចំនួន​ត្រូវ​បាន​បំផ្លិចបំផ្លាញដោយសារ​សង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាង៕

Leave a Reply

Your email address will not be published. Required fields are marked *