ប្រជាពលរដ្ឋខេត្តប៉ៃលិនយ៉ាងច្រើនកុះករ ចូលរួមស្ម័គ្រចិត្ដបរិច្ចាគឈាម លើកទឹកចិត្ត និងគាំទ្រដល់យុទ្ធជនកម្ពុជា

ប៉ៃលិន៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីរាជការ ព្រះសង្ឃ យុវជន និង​ប្រជាពលរដ្ឋ​ខេត្តប៉ៃលិន យ៉ាងច្រើន​កុះ​​ករ បានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម គាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារ​បូរណភាពទឹកដីពីសង្រ្គាម​ឈ្លាន​ពានរបស់ថៃយ៉ាងគឃ្លើន ហើយការស្ម័គ្រចិត្តបរិច្ចាគឈាមមនុស្សធម៌នេះ ធ្វើឡើងតប​តាម​ការអំពាវនាវរបស់លោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ខណៈវីរកងទ័ពជួរ​មុខកម្ពុជាកំពុងការពារបូរណភាព​ទឹកដីចំពោះសត្រូវឈ្លានពានយ៉ាងអង់អាចក្លាហាន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹក​ដី​ចំពោះសត្រូវឈ្លាន​ពាន លោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្ត​ចូលរួមបរិច្ចាគឈាម​ឱ្យ​បាន​កាន់តែច្រើន ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ហើយកម្មវិធីបរិច្ចាគឈាមដោយស័្មគ្រចិត្តនេះ គឺគោលបំណង​ ពីរ​ចំណុច​​សំខាន់ៗ ដើម្បីបម្រើដល់សេចក្តីត្រូវការ ជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺ ដែល​កំពុងសម្រាកព្យាបាល ហើយមាន តម្រូវការឈាមជាបន្ទាន់ និងត្រៀមបម្រុងសម្រាប់វីរៈកងទ័ពជួរមុខ ឬ ប្រជាពលរដ្ឋក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដី ដែលទាមទារ​ឱ្យ​មានតម្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់​គ្រូពេទ្យ ព្រោះ “ឈាមជាជីវិត។

លោកជំទាវបានមានប្រសាសន៍ថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារ​ខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រើន ដែលនេះបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រ​ដល់តម្រូវការ​ដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ជាពិសេស បានចូលរួមចំណែកជួយទៅដល់ប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា​ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

Leave a Reply

Your email address will not be published. Required fields are marked *