ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធានសមាជិកលេខាធិការដ្ឋាន ប្រធាន អនុប្រធានសមាជិកជញ្ជីងទូទាំងប្រទេស និងក្រុមការងារចល័ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំខែមេសា របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពង្រឹងការអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យបានត្រឹមត្រូវបន្ថែមទៀត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នា ពីបញ្ហាប្រឈមនានា ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ និងត្រួតពិនិត្យយានយន្តនៅតាមស្ថានីយជញ្ជីងនីមួយៗប្រព្រឹត្តទៅដោយរលូន និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដោយម៉ឺងម៉ាត់។
ជាលទ្ធផលការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងខែមេសា ឆ្នាំ២០២៦ នេះ មានចំនួន ៣៤៦ ៦១៩ គ្រឿង ក្នុងនោះយានយន្តលើសទម្ងន់កម្រិតអនុគ្រោះចំនួន ១១១ ៨៣៩ គ្រឿង និងពិន័យចំនួន ២៤៣ គ្រឿង។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវការអន្តរាគមន៍នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕

