កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)…

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សរ សុដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រុងស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកស្រីនាយករងរដ្ឋបាលសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១៣ ចំណុះរដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ក្នុងក្រុងស្វាយរៀង។

លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើរដ្ឋបាលចំហរតាមទីតាំងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល រោងចក្រ សហគ្រាស និងទីតាំងពាក់ព័ន្ធនានា សរុបចំនួន ១០៥លើក គ្របដណ្តប់ ១៣៣ទីតាំង។ ជាលទ្ធផល ក្រុមការងារបានពិនិត្យរកឃើញជនបរទេសស្នាក់នៅចំនួន ៥២៧នាក់ ក្នុងនោះស្រី ៨៣នាក់ និងបានបញ្ជូនទៅសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមនីតិវិធីជាធរមាន។

លោក សរ សុដានី បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តវិធានការចុះត្រួតពិនិត្យ និងគ្រប់គ្រងជនបរទេសស្នាក់នៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្កើនកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

Leave a Reply

Your email address will not be published. Required fields are marked *