(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានទាំងការធ្វើរដ្ឋបាលចំហរ និងការបង្ក្រាបបទល្មើសស្គែមអនឡាញឲ្យបាន ដូចភ្លៀងរលឹម ដោយមិនមានការលើកលែងឡើយ។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនទៀត ដើម្បីធានាបាននូវការអភិវឌ្ឍ និងសន្តិសុខក្នុងខេត្ត។ ក្នុងនោះ រួមមានការយកចិត្តទុកដាក់លើការងារបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ជាពិសេសការអន្តរាគមន៍ទាន់ពេលវេលានៅកន្លែងខ្វះទឹកស្រោចស្រព។ អាជ្ញាធរត្រូវបន្តពង្រឹងការងារភូមិ-ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានជំរុញឲ្យបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសការជំរុញការពាក់មួកសុវត្ថិភាព។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយសំណើរសំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យទប់ស្កាត់ការរំលោភបំពានលើដីចំណីផ្លូវ ព្រែក ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ។
សម្រាប់វិស័យទេសចរណ៍ មន្ទីរទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់ទីតាំងស្នាក់នៅដូចជាសណ្ឋាគារ និងផ្ទះសំណាក់ កុំឲ្យដំឡើងថ្លៃក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ ជាចុងក្រោយ គ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋអំពីការបង់ពន្ធមធ្យោបាយឲ្យបានទាន់ពេលវេលា និងតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ៕

