ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ស្ពឺ៖នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងជូនពរជ័យ ដល់មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំដំ។
‎
‎ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនានា ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងទាន់ពេលវេលានាពេលកន្លងមក គឺកើតចេញពីការលះបង់កម្លាំងកាយចិត្ត និងកិច្ចសហការយ៉ាងស្អិតរមួតរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់។
‎
‎ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ឱ្យបន្តសហការគ្នា រក្សានូវសាមគ្គីភាពផ្ទៃក្នុង និងបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសការសម្រួល និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅកម្សាន្ត និងធ្វើបុណ្យទានក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។
‎ដើម្បីជាការលើកទឹកចិត្ត និងចូលរួមអបអរសាទរក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ ថ្នាក់ដឹកនាំខេត្តក៏បាននាំយកថវិកាលើកទឹកចិត្ត ចែកជូនដល់មន្ត្រីរាជការ បុគ្គលិក ទាំងអស់ ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ និងទុកជាកាដូបង្ហាញពីការយកចិត្តទុកដាក់។
‎
‎នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តក៏បានប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់មន្ត្រីរាជការទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឱ្យជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយ និងទទួលបាននូវភាពរីករាយក្នុងជួបជុំគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *