នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ទៅចែកជូនដោយផ្ទាល់ដៃដល់បងប្អូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ២៥ គ្រួសារ ដែលបានទទួលផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ហើយបានចូលមករស់នៅជាអចិន្ត្រៃយ៍ ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់លោក ប៉ែន សុវន្នី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អាជ្ញាធរមូលដ្ឋានស្រុកកំពង់រោទិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ម៉ែន អេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង ជូនចំពោះបងប្អូនអតីតយុទ្ធមិត្តទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរខ្ពស់ពីសុខទុក្ខ ជីវភាពរស់នៅ និងគុណបំណាច់ដ៏ធំធេងដែលបងប្អូនបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងការរំដោះប្រទេសជាតិ។
លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព អនាម័យក្នុងការរស់នៅ ហូបស្អាត ផឹកស្អាត ព្រមទាំងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមជុំវិញបរិវេណផ្ទះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងលើដីសម្បទានថ្មីនេះ។
សូមបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលដែលបានផ្ដល់ជូនគ្រួសារអតីតយុទ្ធមិត្តទាំង ២៥ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ មី កន្ទេល ភួយ មុង សារុង ទឹកបរិសុទ្ធ ទឹកក្រូច និងថវិកាផងដែរ។
បងប្អូនគ្រួសារអតីតយុទ្ធមិត្តបានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តស្វាយរៀង ដែលតែងតែនៅក្បែរ និងមិនដែលបោះបង់ចោលយុទ្ធជន យុទ្ធមិត្តដែលធ្លាប់បានរួមសុខទុក្ខជាមួយគ្នានោះឡើយ៕


