នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានចូលរួមវេទិកា ការងារ និងការចុះឈ្មោះស្វែងរកការងារធ្វេី របស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលក្នុងនោះមានការសម្ភាសន៍ការងារជ្រេីសរេីសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅសាខាបេឡាជាតិរបបសន្តិសុខសង្គម (បសស) ខេត្តស្វាយរៀង។
លោក ម៉ែន អេង អភិបាលរងខេត្ត មានប្រសាសន៍ថា វេទិការនេះមានគោលបំណងសំខាន់ៗ ជាច្រេីន ទៅលេីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រលប់ពីប្រទេសថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និង ការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង និងគាំពារសហគ្រាសគ្រឹះស្ថាន ក្នុងស្រុក និងបរទេសតាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មនិងជំនាញបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងនោះ៖
– ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងសម្ភាសន៍ការងារ នៅនឹងកន្លែងភ្លាមៗពីសំណាក់សហគ្រាស គ្រឹះស្ថានដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្តល់ឱកាសដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម។
– ផ្សព្វផ្សាយព័ត៌មានសិក្សារបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងរៀង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងចុះឈ្មោះយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន 1 .5 M ។
ឯកឧត្ដម បន្ថែមទៀតថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ បានផ្តល់ឱកាសការងារយ៉ាងច្រេីនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀង។ ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង៕

