នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ២០,៧៥៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យរមាសហែក ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
មានប្រសាសន៍ទៅកាន់ពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីនឹកលឹកអំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងក្រុមការងារគ្រូពេទ្យទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏ថ្លៃថ្លានេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ និងស្មារតីលះបង់ខ្ពស់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលបានខិតខំប្រឹងប្រែងចំណាយពេលវេលា ថាមពល និងកម្លាំងប្រាជ្ញា ស្មារតី ក្នុងការចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការ ឬជីវភាពឡើយ។ សកម្មភាពដ៏ប្រពៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលនូវ ៤ ចំណុច ៖
ទី១. សូមយកចិត្តទុកដាក់ថែរក្សាសុខភាព រក្សាអនាម័យ បរិភោគអាហារដែលមានសុវត្ថិភាព ប្រើប្រាស់ទឹកស្អាត និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតី សូមទៅពិនិត្យ សុខភាពឱ្យបានឆាប់ មិនគួរទុកឱ្យជំងឺកាន់តែធ្ងន់ មួយវិញទៀត ដោយសារក្នុងឆ្នាំនេះអាកាសធាតុនឹងក្តៅខ្លាំង យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម ហេតុនេះសូមឲ្យបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួអាកាសធាតុមួយនេះ។
ទី២. អាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងស្ថាប័នសុខាភិបាល ដើម្បីសម្របសម្រួលឱ្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រព្រឹត្តទៅបានល្អ មានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។
ទី៣. ចូលរួមលើកកម្ពស់វប្បធម៌ស្ម័គ្រចិត្ត និងការជួយគ្នាក្នុងសង្គម។ ការចែករំលែកពេលវេលា ចំណេះដឹង ជំនាញ និងកម្លាំងកាយចិត្ត ដើម្បីជួយអ្នកដទៃ គឺជាគុណតម្លៃដ៏សំខាន់សម្រាប់ការកសាងសហគមន៍មួយដែលមានសុខភាពល្អ សាមគ្គីភាពនិងមនុស្សធម៌។
ទី៤. អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងត្រៀមឯកសារចាំបាច់ឱ្យបានគ្រប់គ្រាន់ ដើម្បីចុះឈ្មោះ ឬកែតម្រូវទិន្នន័យតាមនីតិវិធី និងក្នុងរយៈពេលដែលបានកំណត់តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕

