កម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍គណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ – ១៥ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីអាហារពេលល្ងាច ដើម្បីទទួលស្វាគមន៍គណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដែលអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ -១៥ ខែសីហា ឆ្នាំ២០២៥ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។ កម្មវិធីនេះមានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមមានប្រទេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី(តាមប្រព័ន្ធវីដេអូ) ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន សិង្ហបុរី ថៃ(តាមប្រព័ន្ធវីដេអូ) វៀតណាម ទីម័រ និងដៃគូសន្ទនា ផងដែរ។

ក្នុងមតិស្វាគមន៍ ឯកឧត្តមប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា បានថ្លែងអំណរគុណដល់គណៈប្រតិភូនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្រុមការងារលេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដែលបានអញ្ជើញចូលរួម ដោយធ្វើយ៉ាងណាយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធដ៏មានសារៈសំខាន់នេះ ចាប់តាំងពីថ្ងៃចាប់ផ្តើម នឹងត្រូវបន្តរហូតដល់ចប់កម្មវិធី ដើម្បីភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ការចែករំលែកនូវបទពិសោធន៍របស់ប្រទេសជាសមាជិកអាស៊ាននីមួយៗនៅក្នុងអង្គប្រជុំ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *