ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC (Phnom Penh Logistics Complex) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានគណៈកម្មការជំរុញការអនុវត្តគម្រោង PPLC។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងទិសដៅនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍគម្រោងឱ្យលេចចេញជារូបរាង្គនាពេលឆាប់ៗខាងមុខ។ គម្រោងនេះក៏នឹងចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងវិស័យភស្តុភារកម្មក្នុងតំបន់ និងការទាក់ទាញវិនិយោគបរទេសឱ្យចូលរួមអភិវឌ្ឍន៍វិស័យឡូជីស្ទីក និងឧស្សាហកម្មនៅកម្ពុជាជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងការកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូន និងឡូជីស្ទីក៕

