ស្វាយជ្រំ÷ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានទទួលព័ត៌មានពីជនរងគ្រោះ ថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ០១គ្រឿង ដែលខ្លួនបានទុកនៅក្រោមផ្ទះ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រោយពីបានទទួលរួចមក និងមានដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងក្រុងបាវិត បានចុះដល់ទីតាំងកើតដើម្បីធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ប្រុស ព្រមទាំងបានដកហូត ម៉ូតូ ០៣គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៧នាក់ បានឆ្លើយសារភាពថា បក្សពួកខ្លួន ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូខាងលើពិតប្រាកដមែន។
ដោយមានឯកភាព ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ជនសង្ស័យទាំង០៧នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារ រួចហើយ។

