ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤,៤២៧ម៉ែត្រ ស្ថិតនៅសង្កាត់ចែក ក្រុងស្វាយរៀង…

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤,៤២៧ម៉ែត្រ ស្ថិតនៅសង្កាត់ចែក ក្រុងស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤.៤២៧ម៉ែត្រ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀងនាពេលនេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ចេករបស់ យើង ហើយជាការបន្តគាំទ្រលើគម្រោងអភិវឌ្ឍន៍ដែលមានស្រាប់ បន្ថែមទៅលើសមិទ្ធផល នានាជាច្រើនដែលសម្រេចបាននាពេលកន្លងមកដែលនេះជារបៀបមួយ និងជាជំហាន នៃការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងកំណើនប្រជាជន កំណើន នៃការប្រើប្រាស់ និងបម្រើឲ្យការរីកចម្រើននៅក្នុង ក្រុង និងសង្កាត់របស់យើង ។

ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលដ៏ថ្មីស្រឡាងនេះ ជាមួយ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចេក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ របស់យើងដែលធ្វើដំណើរតាមផ្លូវនេះ ទន្ទឹមនេះ ថ្លែងអំណរគុណចំពោះ ឯកឧត្តម ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងសមាជិកក្រុមការងារ រួមទាំងឯកឧត្តម ម៉ែន វិបុល អតីតអភិបាលខេត្តដែលបានដឹកនាំក្នុងការកសាងផ្លូវទាំងនេះ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាន នាំឲ្យយើងធ្វើការកែលម្អឲ្យកាន់ល្អប្រសើរឡើងជាបន្តបន្ទាប់ ចាប់ពីផ្លូវលំ (ផ្លូវភ្លឺប្រឡាយ) ទៅជាផ្លូវដី ផ្លូវក្រាលខ្សាច់ភ្នំ និងផ្លូវបេតុង នាពេលនេះ រួមទាំងការចូលរួមពីសប្បុរសជន ក៏ដូចជាការចូលរួមថវិកាបដិភាគ និងការបរិច្ចាគ ដីធ្លី ពីសំណាក់អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចេក ដើម្បីគាំទ្រដល់ការសាងសង់ផ្លូវទាំងបីខ្សែនេះ នៅពេលចាប់ផ្តើមកសាងដំបូងរហូតដល់មានគម្រោងបដិភាគក្នុងការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយក៏សាងនិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

ឯកឧត្តមក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាផ្លូវរបស់យើងនេះ ក៏ដូចជាបង្គោល និងអំពូលសូឡា(ដែលឯកឧត្តមរដ្ឋលេខាធិការ លោកបានខិតខំកៀគរ ការចូលរួម ដំឡើងនៅសងខាងផ្លូវនេះ) ដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយសូមជួយអប់រំ ដាស់តឿនកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងសូមមានការប្រុងប្រយ័ត្ន និងថែរក្សាការពារកូនចៅពីជំងឺឆ្លងផ្សេងៗ តួយ៉ាងជំងឺគ្រុនឈាម ជាដើម និងចូលរួមលើកកម្ពស់អនាម័យបរិស្ថាននៅ ក្នុងមូលដ្ឋានភូមិ សង្កាត់ ក្រុងរបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព។ទន្ទឹមនេះត្រូវមានវិធានការការពារផ្លូវរបស់យើង ទប់ស្កាត់ចំពោះការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលបណ្តាលឲ្យផ្លូវរបស់យើងឆាប់ខូច និងមិនអាចប្រើប្រាស់បានយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *