កិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្រុងបាវិត…

នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងបាវិត ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងលោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុងបាវិត លោកអធិការនគរបាលក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរព័ត៌មានខេត្ត លោកនាយក-នាយករងរដ្ឋបាលក្រុង និងលោក-លោកស្រីចៅសង្កាត់ទាំង៥ នៃរដ្ឋបាលក្រុងបាវិត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្រ ពង្រឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នអយ្យការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីក្តាប់សភាពការណ៍ ស្រាវជ្រាវ ស្វែងរក និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបទល្មើសបច្ចេកវិទ្យា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ។

លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិតបានអានបាយការណ៍ស្តីពីការចុះធ្វើរដ្ឋបាលចំហ តាមបណ្តាខុនដូ សណ្ឋាគារ វីឡា ផ្ទះសំណាក់ ផ្ទះជួល ក្នុងភូមិសាស្ត្រក្រុងបាវិត ចាប់ពីថ្ងៃទី ៤ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦:
-ចុះធ្វើរដ្ឋបាលចំហ ជនបរទេសស្នាក់នៅ ចំនួន ៩សញ្ជាតិ ស្មើនឹង ៩៧៨ នាក់ (ស្រី ១៦៥ នាក់)។
-ចុះបង្ក្រាប ជនបរទេសពាក់ព័ន្ធការលួចបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៧៣ទីតាំង មាន ៩សញ្ជាតិ ស្មើនឹង ៥៥៩ នាក់ (ស្រី ៩០ នាក់)។
-ចុះធ្វើរដ្ឋបាលចំហ តាមបណ្តាខុនដូ សណ្ឋាគារ វីឡា ផ្ទះសំណាក់ ផ្ទះជួលសរុប២៥៥ទីតាំង។

ក្នុងឱកាសនោះ ឯកឧត្តមព្រះរាជអាជ្ញា និងលោកអភិបាលរងខេត្ត បានផ្តល់ការណែនាំ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងមានសមត្ថកិច្ច៖
១.ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងក្តាប់ឱ្យបានច្បាស់លាស់នូវរាល់ទីតាំងអាជីវកម្ម អគារជួល និងការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋាន។
២.បង្កើនការផ្លាស់ប្តូរព័ត៌មាន និងសហការជាមួយមន្ទីរជំនាញបច្ចេកទេស ក្នុងការតាមដានមុខសញ្ញាដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបណ្តាញសង្គម និងប្រព័ន្ធឌីជីថល។
៣.បន្តផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្លាក់ចូលទៅក្នុងអំពើឆបោកតាមរូបភាពផ្សេងៗ។
៤.ត្រូវចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង ចំពោះជនល្មើសទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានៅក្នុងដែនសមត្ថកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *